- 2022-12-10 22:30:50
- ព័ត៌មាន
ស្លាបព្រា ឆ្នាំ២០២២ នាំយកពិព័រណ៍ម្ហូបអាហារ និងផលិតផលខ្មែរកាន់តែសម្បូរបែប
- 2022-12-10 22:30:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្លាបព្រា ឆ្នាំ២០២២ នាំយកពិព័រណ៍ម្ហូបអាហារ និងផលិតផលខ្មែរកាន់តែសម្បូរបែប
ចន្លោះមិនឃើញ
ស្លាបព្រា គឺជាព្រឹត្ដិការណ៍តាំងពិព័រណ៍ម្ហូបអាហារដ៏ធំបំផុតថ្នាក់ជាតិ ត្រូវបានផ្ដួចផ្ដើមឡើងដោយក្រុមហ៊ុនឯកជនជាច្រើន អង្គាការដៃគូ ព្រមទាំងរាជរដ្ឋាភិបាល តាំងពីឆ្នាំ២០១៧។ ស្លាបព្រា បានវិលមកវិញជាមួយនិងភាពអស្ចារ្យ និងមុខម្ហូបដ៏សម្បូរបែបសម្រាប់មហាជននៅថ្ងៃទី១០ និង១១ ខែធ្នូ ឆ្នាំ២០២២ ក្រោយពីអាក់ខានរយៈពេល ២ឆ្នាំ ដោយសារបញ្ហាជំងឺកូវីដ-១៩។
ក្រៅពីបង្កើតភាពសប្បាយរីករាយ តាមរយៈការលេងហ្គេមញាំអាហារប្រណាំងគ្នា ស្ដាប់ចម្រៀងអមដោយមុខម្ហូប និងភេជ្ជៈដាក់តាំងបង្ហាញយ៉ាងត្រៀបត្រា ឆ្នាំនេះគេក៏ឃើញដាក់តាំងលក់ផលិតផលចំណីអាហារដែលជាអត្ដសញ្ញាណរបស់ខេត្ដនីមួយៗផងដែរ។ ក្នុងនោះ គេចាប់អារម្មណ៍ នំក្រឡានដ៏ឆ្ងុយឆ្ងាញ់ ពីខេត្ដក្រចេះ អង្ករស្រូវខ្មៅ និងបុកល្ងរបស់ជនជាតិដើមគួយពីខេត្ដកំពង់ធំ។
តំណាងជនជាតិដើមភាគតិចគួយ ពីស្រុកប្រាសាទបាឡាំង ខេត្ដកំពង់ធំ លោកស្រី ងួន ហៀង ឲ្យដឹងថា លោកស្រីបាននាំយកអង្ករស្រូវខ្មៅ និងល្ងបុកធម្មជាតិដែលជាប្រភេទកសិផលដំណាំវិលជុំរបស់ជនជាតិដើម មកដាក់តាំងពិព័រណ៍ និងលក់ក្នុង ១គីឡូក្រាម ១ម៉ឺនរៀល សម្រាប់អង្ករ និង៥ម៉ឺនរៀល សម្រាប់ល្ងខ្មៅបុក១កំប៉ុង។ លោកស្រីថាការជួយគាំទ្រផលិតផលទាំងនេះ គឺដូចជួយដល់សហគមន៍ទាំងមូល។
លោកស្រី ងួន ហៀង៖ “ផលិតផលពួកខ្ញុំនេះ អត់មានលក់នៅទីផ្សារភ្នំពេញទេ មានតែនៅជនបទដែលជនជាតិគួយយើងខ្ញុំធ្វើវាតាមរបៀបវិលជុំតាមជើងភ្នំ មិនប្រើជីគីមីអី ដើម្បីបង្កើនទិន្នផលទេ។ ពួកខ្ញុំហូបតែផលិតផលទាំងអស់នេះ ស្រួលខ្លួនណាស់ អត់ប៉ះពាល់សុខភាពទេ”។
ចំណែកអ្នកទស្សនាការតាំងពិព័រណ៍ម្នាក់ លោក ហេង រ៉ាវុធ និយាយថា លោកប្លែកភ្នែកដែរដែលបានឃើញម្ហូបអាហារ ភេសជ្ជៈ និងសកម្មភាពលេងហ្គេមផ្សេងៗ ដើម្បីបានរង្វាន់ក្នុងឱកាសនេះ។ បន្ទាប់ពីបានដើរមួយត្រួសតាមស្ដង់ លោកក៏សង្កេតឃើញមានភ្ញៀវខ្មែរ និងបរទេសចោមរោមមើល និងទិញផលិតផលរតាមស្ដង់ដែរ ធ្វើឲ្យលោករំភើបជំនួសអ្នកបង្កើតផលិតផលខ្មែរ ដើម្បីឲ្យភ្ញៀវបានឃើញ ឬភ្លក្ស។
លោក ហេង រ៉ាវុធ៖ “ខ្ញុំឃើញមានភ្ញៀវបរទេសចូលមកទិញ ហើយមើលទៅឃើញពួកគាត់ចាប់អារម្មណ៍ច្រើន…អាហ្នឹងដូចយើងបានផ្សព្វផ្សាយឲ្យគេបានស្គាល់អីចឹង។ តាមពិតខ្ញុំមកហាត់ប្រាណ ហើយក៏ឆ្លៀតចូលមើល ឃើញមនុស្សច្រើន រកតែកន្លែងអង្គុយអត់ចង់បាន”។
ស្លាបព្រា ដែលជាព្រឹត្ដិកាណ៍តាំងពិព័រណ៍ម្ហូបអាហារថ្នាក់ជាតិ ឆ្នាំ២០២២ នេះ មានស្ដង់ស្ដង់ដាក់តាំងលក់មុខម្ហូប និងទំនិញជាច្រើនប្រភេទប្រមាណ ២០០ស្ដង់។ ព្រឹត្ដិកាណ៍នេះ បានរៀបចំឡើងនៅស្ដាតអូឡាំពិក រយៈពេល ២ថ្ងៃ គឺថ្ងៃទី១០ និងទី១១ ខែធ្នូ ចាប់ពីម៉ោង ៤រសៀល រហូតដល់ម៉ោង ៩យប់៕