• 2022-11-26 21:44:36
  • ព័ត៌មាន

Jaqueline បង្ហាញជំនឿចិត្ដនៅចំពោះមុខ Oliva ខណៈការប្រកួតខិតជិតចូលមកដល់

  • 2022-11-26 21:44:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលបរិច្ឆេទ នៃការប្រកួតMrs WORLD ឈានជិតចូលមកដល់ អ្នកស្រី Jaqueline បានបង្ហាញមុខជាថ្មីជាមួយក្រុមការងារដើរម៉ូដ និងច្នៃម៉ូដរបស់លោក Oliva តាមរយៈសន្និសីទសារព័ត៌មានមួយនៅសណ្ឋាគារ Hyett កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ការប្រកួត នឹងធ្វើនៅលើទឹកដីសហរដ្ឋអាមេរិកនៅថ្ងៃទី១៧-១៨ ខែធ្នូ ប៉ុន្ដែគ្រូបង្វឹករបស់អ្នកស្រី Jaqueline គឺលោក Oliva មិនបានទៅចូលរួមជាមួយគ្នាទេ ដោយអ្នកស្រីជាអ្នក នាំយកម្កុដ និងឈុតតំណាងជាតិកម្ពុជាទៅប្រកួតដោយខ្លួនឯង។

នៅចំពោះមុខអ្នកសារព័ត៌មានជាច្រើនស្ថាប័ន អ្នកស្រី Jaqueline បានប្ដេជ្ញាថានឹងបង្ហាញពីភាពខ្លាំងរបស់នារីខ្មែរដែលមានស្វាមី ឬមានកូនហើយនៅលើឆាកអន្ដរជាតិ។អ្នកស្រីមើលឃើញថាមានស្ដ្រីខ្មែរជាច្រើនដែលមានសមត្ថភាព និងសម្រស់ស្រស់ស្អាត ហើយអ្នកស្រីក៏ជាស្ដ្រីម្នាក់ក្នុងចំណោមនោះដែរ ដែលត្រូវមានក្ដីសង្ឃឹមលើការប្រកួតនេះ។

ចំណែកគ្រូបង្ហាត់ដើរម៉ូដរយៈពេលខ្លីសម្រាប់អ្នកស្រី Jaqueline គឺលោក Oliva ទុកចិត្ដលើសមត្ថភាពអ្នកស្រី ព្រោះអ្នកស្រីធ្លាប់ទទួលបានជ័យជំនះម្ដងហើយកាលពីឆ្នាំ២០១៥ ហើយអ្នកស្រីនៅមានសម្រស់ស្រស់ស្អាត ព្រមទាំងមានស្នាដៃក្នុងសង្គមជាតិជាច្រើន រហូតដល់ក្រសួងវប្បធម៌ចាត់ឲ្យស្រីធ្វើជាតំណាងជាតិកម្ពុជា។

បើតាមលោក Oliva បើទោះបីជាការប្រកួតនេះទទួលបានលទ្ធផលយ៉ាងណា លោកនឹងរៀបចំកម្មវិធីប្រកួតថ្នាក់ជាតិមួយនៅអំឡុងខែឧសភា ឆ្នាំ២០២៣ ខាងមុខ ដោយយកអ្នកស្រី Jaqueline ធ្វើជាគំរូសម្រាប់បេក្ខនារីគ្រប់រូប ដែលនឹងចូលរួមប្រកួត ដើម្បីមានឱកាសបានចេញទៅប្រកួតអន្ដរជាតិសម្រាប់ឆ្នាំខាងមុខៗទៀត។

អ្នកស្រី Jaqueline គឺជាស្ដ្រីខ្មែរ-អាមេរិកកាំងដំបូងគេដែលទទួលបានជយលាភី Mrs Califonia ២០១៥។ អ្នកស្រីមានវ័យ ៤៩ឆ្នាំ មានស្វាមី និងកូនបីនាក់ បានក្លាយជាបេក្ខនារីតំណាងឲ្យកម្ពុជាទៅប្រកួតក្នុងកម្មវិធី “Mrs world២០២២”។ ការប្រកួតដែលនឹងប្រព្រឹត្ដទៅនៅពាក់កណ្ដាលខែធ្នូខាងមុខនេះ នឹងមានបេក្ខនារីមកពីប្រទេសចំនួន ៨០ ចូលរួមប្រកួត៕

ជិន សុភ័ក្ដ្រ

មតិយោបល់