• 2022-10-11 23:34:43
  • ព័ត៌មាន

មានស្រុកកំណើតជាមួយនាយពាក់មី លោក ហង្ស សំណាង ក៏មានដុងសិល្បៈមិនធម្មតាដែរ

  • 2022-10-11 23:34:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុនហក់ចូលក្នុងអាជីពសារព័ត៌មាន លោក ហង្ស សំណាង ដែលជាអតីតបេក្ខភាពប្រឡងក្នុងកម្មវិធី Cambodian Idol ឆ្នាំ២០១៦ ក៏មានដុងសិល្បៈមិនធម្មតាដែរ។ ក្រៅពីច្រៀងលោកក៏មានសមត្ថភាពសម្ដែង ព្រមទាំងបានដើរតួត្លុកតាមរោងការ និងរោងបុណ្យជាង ២ឆ្នាំទៀតផង។

លោក ហង្ស សំណាង ប្រាប់Sabay ថា បើទោះបីជាការងារសារព័ត៌មានមមាញឹក ក៏លោកនៅតែស្រឡាញ់ ហើយតែងតែបញ្ចេញសមត្ថភាពសិល្បៈរបស់ខ្លួនជារឿយៗ។ ប៉ុន្ដែដោយមើលឃើញការងារសង្គមជាច្រើនដែលលោកអាចជួយបានតាមរយៈសំឡេងសារព័ត៌មានរបស់លោក ទើបលោកងាកបន្ដិចទៅខាងសារព័ត៌មាន ប៉ុន្ដែចិត្ដគំនិតថានឹងបោះបង់ ឬលែងស្រឡាញ់វិស័យសិល្បៈនោះ គឺគ្មានឡើយ។

មានស្រុកកំណើតនៅខេត្ដស្វាយរៀងជាមួយនាយពាក់មី និងនាយគ្រឿនដែលជាកំពូលតារាកំប្លែងរបស់កម្ពុជានាពេលបច្ចុប្បន្ន លោក ហង្ស សំណាង ក៏មានទេពកោសល្យកំប្លែងមិនចាញ់អ្នកខេត្ដជាមួយគ្នាប៉ុន្មានដែរ។ គេចាប់អារម្មណ៍លើកាយវិការ និងពាក្យសម្ដីបង្កប់ដោយភាពកំប្លុកកំប្លែងតាំងពីលោកមានឱកាសបានឡើងបង្ហាញសមត្ថភាពនៅកម្មវិធី Cambodia Idol កាលពីជាង៦ឆ្នាំមុន។

កាលណោះ លោកទទួលបានការកោតសរសើរពីទស្សនិកជន និងគណៈកម្មការថាលោកពូកែច្រៀងធ្វើសំឡេងបែបរដឺន ប្រកបដោយកាយវិការរស់រវើក។ ទន្ទឹមគ្នានោះលោកក៏ បានច្រៀងកំប្លែង និងក្លែមពាក្យបែបកំប្លែងដាក់គណៈកម្មការទៀតផង រហូតដល់អ្នកទស្សនាសរសើរលោកថាមានជំនាញច្រើន។

កាលពីនៅសម្ដែង និងច្រៀងតាមរោងការ ឬកម្មវិធីផ្សេងៗ កេរ្ដិ៍ឈ្មោះ ហង្ស សំណាង មិនសូវល្បីខ្លាំងឡើយ។ ប៉ុន្ដែក្រោយបោះជំហ៊ានកាន់តែជ្រៅចូលក្នុងសង្គមសិល្បៈ និងវិស័យសារព័ត៌មាន ស្រាប់តែកេរ្ដិ៍ឈ្មោះរបស់លោកត្រូវបានប្រជាជនខ្មែរស្ទើរទូទាំងប្រទេសស្គាល់ និងកោតសរសើរនូវភាពក្លាហានរបស់លោកក្នុងនាមជាអ្នកសារព័ត៌មានផង និងជាសិល្បករធ្លាប់ប្រឡូកក្នុងអាជីពចម្រៀង និងសម្ដែងដ៏ជូរចត់ផងនោះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់