- 2022-06-02 18:45:00
- ព័ត៌មាន
ខាត់ ស្រីច័ន្ទ ថាមិនទាន់មានស្វាមី តែមានមិត្ដលើសពីសង្សារ ថែមទាំងទម្លាយអាថ៌កំបាងរក្សាស្នេហ៍ស្មោះទៀតផង
- 2022-06-02 18:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខាត់ ស្រីច័ន្ទ ថាមិនទាន់មានស្វាមី តែមានមិត្ដលើសពីសង្សារ ថែមទាំងទម្លាយអាថ៌កំបាងរក្សាស្នេហ៍ស្មោះទៀតផង
ចន្លោះមិនឃើញ
ខាត់ ស្រីច័ន្ទ បានភ្ជាប់ចំណងស្នេហ៍ និងបានរៀបការដ៏ស្ងៀមស្ងាត់ជាមួយបុរសម្នាក់ដែលជាតារាម៉ូដែលដូចគ្នា កាលពីខែវិច្ឆិកា ឆ្នាំ២០២០ នៅលើកោះរ៉ុង ខេត្ដព្រះសីហនុ ដោយមានចាស់ទុំ និងមិត្ដភក្ដិតែពីរបីនាក់ប៉ុណ្ណោះបានចូលរួមអបអរសាទរ។ គិតមកដល់ពេលនេះ ស្រីច័ន្ទ នៅតែអះអាងថាខ្លួនមិនទាន់មានស្វាមី តែមានទំនាក់ទំនងជាមួយបុរសម្នាក់លើសពីសង្សារ។
ក្នុងឱកាសចូលរួមសម្ពោធខ្សែភាពយន្ដភាគខ្មែរមួយរបស់អ្នកស្រី ពាន់ ភួងបុប្ផា កាលពីថ្ងៃទី២ ខែមិថុនា ស្រីច័ន្ទ បានប្រាប់Sabay ថា កញ្ញាមិនខ្លាចនឹងបាត់ប្រជាប្រិយភាពដោយសារការលាតត្រដាងការពិតពីទំនាក់ទំនងស្នេហាស៊ីជម្រៅនេះទេ ព្រោះកញ្ញាប្រឡូកក្នុងវិស័យសិល្បៈគឺគ្រាន់តែចង់បញ្ចេញសមត្ថភាពទៅតាមអ្វីដែលខ្លួនស្រឡាញ់ប៉ុណ្ណោះ ពុំមានបំណងអ្វីផ្សេងទេ។
ខាត់ ស្រីច័ន្ទ៖ “ពួកខ្ញុំអត់ទាន់គិតរឿងរៀបការទេ និយាយរួមចង់រស់នៅបែបអ៊ឺរ៉ុបៗ តែចាស់ៗចេះតែសួរដែរ តែខ្ញុំចង់រកស៊ីឲ្យសល់លុយអីសិន ព្រោះដល់ពេលយើងមានគ្រួសារយើងមានបេប៊ី(កូន)។ និយាយទៅ…ពួកខ្ញុំលើសពីសង្សារ យើងស្រឡាញ់គ្នា ៩ឆ្នាំហើយ”។
តារាស្រីរាងតូចច្រឡឹងរូបនេះបញ្ជាក់ថា ហេតុផលដែលកញ្ញា និងសង្សារអាចរក្សាទំនាក់ទំនងស្នេហាស្អិតល្មួតបានរហូតដល់៩ឆ្នាំ គឺដោយសារភាគីទាំងសងខាងចេះឲ្យតម្លៃគ្នា ផ្ដល់ពេលវេលាឲ្យគ្នាទៅវិញទៅមក។ ម្យ៉ាងភាគីទាំងសងខាង គិតតែខំប្រឹងប្រែងរកប្រាក់ ដើម្បីសម្រេចទិសដៅអនាគត។
បើតាមកញ្ញា ខាត់ ស្រីច័ន្ទ មានមិត្ដភក្ដិ និងអ្នកគាំទ្រខ្លះមិនពេញចិត្ដនឹងកញ្ញាមានទំនាក់ទំនងស៊ីជម្រៅជាមួយសង្សារមុនរៀបការ ប៉ុន្ដែកញ្ញាមិនខ្វល់និងសម្ដីអ្នកដទៃ សំខាន់កញ្ញា និងសង្សារចង់ឲ្យមានលទ្ធភាពគ្រប់គ្រាន់សិន។ បច្ចុប្បន្ន ខាត់ ស្រីច័ន្ទ កំពុងក្ដាប់បានការងារសិល្បៈរយៈអាជីពសម្ដែងខ្សែភាពយន្ដជាច្រើន ជាពិសេសការងារថតស្ពតពាណិជ្ជកម្មឲ្យក្រុមហ៊ុនផ្សេងៗ៕