• 2021-12-12 20:19:21
  • ព័ត៌មាន

ក្រោយលាក់បាំងច្រើនឆ្នាំ ពេលនេះ ខេម បង្ហាញតម្រុយគូស្នេហ៍ ប៉ុន្តែមិនទាន់មានដំណឹងចូលរោងជ័យ

  • 2021-12-12 20:19:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងសំឡេងស្អកប្រចាំផលិតកម្មកាឡាក់ស៊ី ខេម ថ្មីៗនេះបានព្យាយាមបង្ហាញតម្រុយគូរស្នេហ៏ហើយ បន្ទាប់ពីលាក់បាំងជាច្រើនឆ្នាំ រហូតធ្វើឲ្យប្រិយមិត្តជាច្រើនអបអរសាទរ ហើយចង់ដឹងដំណឹងចូលរោងជ័យឆាប់ៗផងដែរ។

ថ្មីៗនេះ តារាចម្រៀងប្រចាំផលិតកម្មកាឡាក់ស៊ី ខេម បានបង្ហោះរូបភាពមួយសន្លឹកដែលលោកឈររាំឳបនារីម្នាក់ នៅក្នុងកម្មវិធីមង្គលការរបស់ប្អូនស្រី អ្នកឧកញ្ញា ឡេងណាវ៉ាត្រា រួមទាំងសរសេរសារខ្លីតែមានន័យជ្រៅដែលបញ្ជាក់ថា លោកអរគុណគ្រប់យ៉ាង ដែលនារីម្នាក់នេះបានចូលមកក្នុងជីវិតរបស់លោក តែក្នុងនោះលោកមិនបានបញ្ជាក់ថា លោកនឹងចូលរោងជ័យពេលណានោះទេ ព្រោះកាលដើមឡើយលោកតែងតែលាក់បាំងរឿងនេះរហូត ទើបតែពេលនេះហ៊ានបញ្ចេញតម្រុយខ្លះៗ ។ គ្រប់គ្នាមិនទាន់ដឹងទេថា តើនារីម្នាក់ដែលចូលមកក្នុងជីវិតរបស់លោក ខេម ពេលនេះ មានឈ្មោះអ្វី ជាកូនចៅរបស់នរណាគេនោះទេ ដោយ Sabay ទាក់ទងទៅលោកដែរ តែលោកមិនទាន់ឆ្លើយតបមកវិញ។

ចំណែកអ្នកគាំទ្រវិញ ពេលឃើញលោក ខេម បង្ហាញតម្រុយបែបនេះ ម្នាក់ៗត្រេកអរសឹងគ្រប់គ្នា រហូតមានអ្នកខ្លះបង្ហោះរូបមុខមាត់របស់គូរស្នេហ៏លោកចំមុខតែម្តង ហើយអ្នកខ្លះទៀតជូនពរលោកឆាប់មានដំណឹងល្អថែមទៀត។

រម្លឹកផងដែរថា កាលពីប៉ុន្មានខែមុននេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសអ្នកគាំទ្រ ដោយឃើញលោក ខេម បានបញ្ចេញរូបថតក្មេងស្រីមួយសន្លឹកគួរឲ្យក្នាញ់ រហូតធ្វើឲ្យមានមន្ទិលសង្ស័យថា រូបលោក មានប្រពន្ធកូនរួចហើយ ប៉ុន្តែលោកបានបដិសេធថា ក្មេងស្រីម្នាក់នេះ មិនមែនជាកូនរបស់លោកឡើយ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់