• 2021-07-12 21:08:10
  • ព័ត៌មាន

វិបត្ដិ​កូវីដ បាន​ផ្ដាច់​អាជីព​សម្ដែង និង​របរ​លក់​នំ​អ្នកគ្រូ កណ្ណិការ ភឹង! ឥឡូវ​ជំពាក់​ថ្លៃ​បន្ទប់​គេ​៣​ខែ​ទៀត

  • 2021-07-12 21:08:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​វ័យ​ចំណាស់​អ្នក​គ្រូ កណ្ណិការ ដែល​និយម​ដើរ​ជា​តួ​ម្ដាយ ឬ​យាយ​ក្នុង​ខ្សែភាពយន្ត​ខ្មែរ​ជា​ច្រើន​នោះ កំពុង​ខ្វះ​ខាត​ជីវភាពប្រចាំ​ថ្ងៃ​ខ្លាំង ដោយ​ជំពាក់​លុយ​ថ្លៃ​បន្ទប់​ជួល​គេ​បី​ខែ​ហើយ ហើយ​ការ​ហូបចុក​ប្រចាំ​ថ្ងៃ​ក៏​មិន​គ្រប់​គ្រាន់ទៀត។ នេះ​បើ​តាម​ការ​អះអាង​​លោក សាយ សៀរ៉ា ដែល​បាន​ជួប និង​ផ្ដល់​ថវិកា​ខ្លះ​ដល់​សិល្ប​ការិនី​រូប​នេះ​ផ្ទាល់។

Sabay បាន​ព្យាយាម​ទាក់ទង​អ្នក​គ្រូ​កណ្ណិការ​ផ្ទាល់ ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​លើ​បញ្ហា​ជីវភាព​ខ្វះខាត​នេះ តាម​រយៈ​ទូរស័ព្ទ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ហើយ​ពុំ​មាន​អ្នក​ទទួល។ ប៉ុន្តែ​លោក សាយ សៀរ៉ា បាន​ប្រាប់​Sabay នៅ​ថ្ងៃ​ទី១៣ ខែ​កក្កដា ថា​វិបត្តិ​កូវីដ-១៩ បាន​រុញច្រាន​ឲ្យ​ជីវភាព​អ្នក​គ្រូ​កាន់​តែ​ដុនដាប​ខ្លាំង ដោយ​អាជីព​សម្ដែង​ត្រូវ​បាន​កាត់​ផ្ដាច់ ហើយ​មុខរបរ​លក់​នំ​បន្តិចបន្តួច​នៅ​ផ្សារ​អូឡាំពិក​ក៏​លក់​លែង​ដាច់ ទើប​គាត់​បង្ខំចិត្ត​ស្រែក​រក​ជំនួយ​ពី​សប្បុរសជន។

សាយ សៀរ៉ា៖"គាត់​ជួប​ខ្ញុំ​ម្សិលម្ង៉ៃ ហើយ​ខ្ញុំ​ជូន​គាត់​៥០​ម៉ឺន​ទាំង​លើក​នេះ​ហើយ។ គាត់​ថា​ខ្វះ​ខាត​ខ្លាំង​ណាស់ ហើយ​គាត់​មាន​ចៅ​នៅ​ក្នុង​បន្ទុក​ពីរ​បី​នាក់​ទៀត...គាត់​ជំពាក់​ថ្លៃ​បន្ទប់​ស្នាក់​នៅ​ជាន់​ទី៣ ម្ដុំ​ផ្សារ​អូឡាំពិក​ហ្នឹង​បី​ខែ​ហើយ តែ​ខ្ញុំ​អត់​បាន​សួរ​គាត់​ថា​ជំពាក់​គេ​ប៉ុន្មាន"។

តារា​សម្ដែង​ស្រី​វ័យ​ចំណាស់​កណ្ណិការ ត្រូវ​បាន​លោក សៀរ៉ា បង្ហើប​ថា អ្នកស្រី​ធ្លាប់​ធ្វើ​ជា​សមាជិក​គណៈកម្មការ​ក្នុង​ការ​ផ្ដល់​ពិន្ទុ​ឲ្យ​បេក្ខជន-បេក្ខនារី​ក្នុង​កម្មវិធី​មួយ​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៩។ ក្រៅ​ពី​នោះ​អ្នក​គ្រូ​ក៏​ធ្លាប់​បាន​សម្ដែង​ក្នុង​រឿង​ខ្មែរ​ជា​ច្រើន ហើយ​ការ​សម្ដែង​ភាគ​ច្រើន​អ្នក​ដឹកនាំ​រឿង​តម្រូវ​ឲ្យ​ដើរ​ជា​តួ​អង្គ​ម្ដាយ និង​យាយ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់