- 2020-11-05 02:55:02
- ព័ត៌មាន
ខាត់ វៃហាំង ប៉ះជាមួយសំណាង អេលីណា ជាលើកទី១ក្នុងខ្សែភាពយន្តភាគមួយរបស់ ពាន់ ភួងបុប្ផា
- 2020-11-05 02:55:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខាត់ វៃហាំង ប៉ះជាមួយសំណាង អេលីណា ជាលើកទី១ក្នុងខ្សែភាពយន្តភាគមួយរបស់ ពាន់ ភួងបុប្ផា
ចន្លោះមិនឃើញ
តារាសម្ដែងវ័យក្មេងពីរដួង គឺលោក ខាត់ វៃហាំង និងកញ្ញា សំណាង អេលីណា នឹងចាប់ដៃគ្នា ដើម្បីសម្ដែងខ្សែភាពយន្តភាគរឿង"ស្នាមស្នេហ៍សមុទ្ររាមវគ្គ២" ដែលផលិតករជើងចាស់ ពាន់ ភួងបុប្ផា អះអាងថា វាស្នាដៃចុងក្រោយសម្រាប់អ្នកស្រីក្នុងការផលិតរឿងភាគ។
នៅក្នុងឱកាសដែលលោក ខាត់ វៃហាំង ចូលរួមក្នុងពិធីក្រុងពាលីថតរឿងភាគនេះ កាលពីព្រឹកមិញ នៅស្ថានីយទូរទស្សន៍ ភី អិន អិន និយាយថា រូបលោកទើបជួបកញ្ញា អេលីណា ជាលើកដំបូង ហើយអេលីណា ក៏ទើបជួបលោកដំបូង ប៉ុន្ដែលោកមានអារម្មណ៍រីករាយដែលបានសម្ដែងជាតួអង្គឯកជាមួយប្អូនស្រី ហើយសង្ឃឹមថាធ្វើបានល្អ។
ចំណែកកញ្ញា សំណាង អេលីណា វិញ បន្ថែមថា ការចាប់ដៃគ្នាលើកដំបូងអាចនឹងលំបាកបន្តិចព្រោះមានឈុតឆាកស្នេហាស៊ីជម្រៅច្រើនឈុត ប៉ុន្តែកញ្ញាពឹងលោក វៃហាំង ដែលមានបទពិសោធន៍សម្ដែងច្រើនជាងនាងរង់ចាំជួយប្រាប់បន្ថែម នៅពេលដំណើរការថតជាក់ស្ដែង។
ម្ចាស់ខ្សែភាពយន្តភាគរឿង"ស្នាមស្នេហ៍សមុទ្ររាម" ធ្លាប់ទទួលបានការគាំទ្រច្រើនកាលពីជាង១៤ឆ្នាំមុន គឺអ្នកស្រី ពាន់ ភួងបុប្ផា ឲ្យដឹងថា រឿង"ស្នាមស្នេហ៍សមុទ្ររាមវគ្គ២" ឆ្នាំ២០២០ នេះ គឺមានតួអង្គឯកពីគូរ ពោលគឺ ១គូរ សម្រាប់សម្ដែងក្នុងសម័យកាលឪពុក-ម្ដាយ ដែលមានស្នេហាស្មោះស្ម័គ្រនឹងគ្នា ប៉ុន្តែចុងក្រោយ នៃសាច់រឿងតួអង្គឯកទាំងពីរត្រូវស្លាប់។ រីឯតួអង្គឯកសម័យក្រោយ គឺកូនរបស់សមុទ្រ និងរាម បានជួបឧបសគ្គជាច្រើន ប៉ុន្តែដោយមានស្នេហាស្មោះស្ម័គ្រ និងជម្នះគ្រប់ឧបសគ្គ ក៏បានជួបគ្នា និងរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល។
សូមរំលឹកថា នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានីយទូរទស្សន៍ ភី អិន អិន និងផលិតករភាពយន្តភាគរឿង"ស្នាមស្នេហ៍សមុទ្ររាម" គឺអ្នកស្រី ពាន់ ភួងបុប្ផា បានធ្វើពិធីក្រុងពាលី ដើម្បីចាប់ផ្ដើមថតរឿងនេះពីថ្ងៃស្អែកតទៅ។ រឿងនេះមាន៤៥ភាគ ដែលគ្រោងចំណាយពេលថតប្រមាណ៦ខែ ហើយអាចនឹងយកទៅចាក់បញ្ចាំនៅលើកញ្ចក់ទូរទស្សន៍ ភី អិន អិន នៅមុនពាក់កណ្ដាលឆ្នាំ២០២១ ខាងមុខ៕